ការដាក់ឲ្យដំណើរការគំរោង SCUBY ក្នុងប្រទេសកម្ពុជា

Updated: Oct 24, 2019

នៅថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៩ វិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) បានដាក់ឲ្យដំណើរការនូវគំរោង SCUBY នៅក្នុងប្រទេសកម្ពុជា នៅឯសណ្ឋាគារ Himawari ភ្នំពេញ។ ការដាក់ឲ្យដំណើរការនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល រួមជាមួយនឹងអ្នកចូលរួមជាង ៦០ នាក់។


ឯកឧត្តមសាស្រ្តាចារ្យ អេង ហួត បានធ្វើកំណត់សំគាល់ថាក្រសួងសុខាភិបាលបាន សំរេចកាន់តែប្រសើរនូវការលើកកម្ពស់ សុខភាព ការគ្រប់គ្រង ការព្យាបាល និង ស្តារនីតិសម្បទាដល់សាធារណៈជន។ ទាំងនេះគឺ សំរេចបានតាមរយៈការបង្កើនកំរិតគ្របដណ្តប់ សុខាភិបាល និងគុណភាពសេវាថែទាំ​ និងកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ ក្នុងពេលដែលប្រជាជនប្រើប្រាស់សេវាសុខាភិបាល។ ក្នុងពេលជាមួយគ្នានេះ ឯកឧត្តមក៏បានទទួលស្គាល់អំពីបន្ទុកនៃជម្ងឺមិនឆ្លង (NCDs) នៅក្នុងប្រទេសកម្ពុជាដែលកំពុងមានការកើនឡើង ប៉ុន្តែការថែទាំ និងព្យាបាលសំរាប់ជម្ងឺទាំងនេះនៅមានកំរិត និងមិនអាចផ្តល់ទៅកាន់គ្រប់ប្រជាជនដែលមានតំរូវការ។ ឯកឧត្តមបានបន្តថាការពង្រីកសេវាសំរាប់ជម្ងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមជាអាទិភាពមួយក្នុងចំណោមអាទិភាពចំបងជាច្រើន នៅក្នុងផែនការយុទ្ធសាស្រ្តថ្នាក់ជាតិសំរាប់ការការពារ និងគ្រប់គ្រងជម្ងឺមិនឆ្លង ឆ្នាំ ២០១៣-២០២០ និងផែនការសកម្មភាពពហុវិស័យជាតិស្តីពីការការពារ និងការប្រយុទ្ធនឹងជម្ងឺមិនឆ្លងឆ្នាំ ២០១៨-២០២៧។ ទោះជាយ៉ាងណាក៏ដោយ ការពង្រីកសេវាទៅកាន់ទីតាំងសុខាភិបាលទាំងអស់គឺជាការលំបាក ដូចនេះយើងត្រូវការនូវការស្រាវជ្រាវបន្ថែមសំរាប់ការវាយតម្លៃអំពីការពង្រីក និងពង្រឹងសេវាទៅដល់គ្រប់គ្នាដែលត្រូវការ។ ឯកឧត្តមបានសង្កត់ថា គំរោង SCUBY នឹងផ្តល់ភស្តុតាង

វិទ្យាសាស្រ្តទៅដល់ក្រសួងសុខាភិបាលសំរាប់ការរៀបចំផែនការយុទ្ធសាស្រ្តសុខាភិបាល។ ជាចុងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ អេង ហួត បានបង្ហាញអំពីការគាំទ្រយ៉ាងខ្លាំងសំរាប់គំរោង និងសំណូមពរទៅកាន់អ្នកពាក់ព័ន្ធទាំងអស់ឲ្យធ្វើការសហការជាមួយវិទ្យាស្ថានជាតិសុខភាពសាធារណៈសំរាប់ការដាក់អនុវត្តគំរោងនេះឲ្យបានជោគជ័យ ។


តាមរយៈសិក្ខាសិលាដាក់ដំណើរការនេះ អ្នកចូលរួមដែលជាអ្នកពាក់ព័ន្ធសំខាន់ៗ រួមមានអ្នកបង្កើតគោលនយោបាយពីក្រសួងសុខាភិបាល អ្នកជំនាញផ្នែកជម្ងឺមិនឆ្លង និងអ្នកស្រាវជ្រាវ អ្នកតំណាងម្ចាស់ជំនួយ និងថ្នាក់ដឹកនាំពីតាមគំរោង និងទីតាំងសុខាភិបាល ត្រូវបានប្រាប់ឲ្យដឹងពីគោលបំណងសំខាន់ វិធីសាស្រ្ត និងសកម្មភាពស្រាវជ្រាវ និងផលប៉ះពាល់ដែលរំពឹងទុកនៅក្នុងដំណើរការគំរោង SCUBY។ អ្នកចូលរួមក៏មានឱកាសក្នុងការសួរសំណួរអំពីគំរោង និងផ្តល់ជាការចូលរួមរបស់ពួកគេតាមរយៈវេទិកាពិភាក្សា និងសកម្មភាពពិភាក្សារវាងអ្នកពាក់ព័ន្ធ។


H.E Prof Eng Huot

សាស្រ្តាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានបិទសិក្ខាសាលាជាផ្លូវការនៅពេលរសៀលនៅថ្ងៃដដែលជាមួយនឹងការជំរុញយ៉ាងខ្លាំងទៅលើសកម្មភាពជាក់ស្តែង និងការពង្រឹងនូវការ

អនុវត្តនៃគោលការណ៍ណែនាំថ្នាក់ជាតិសំរាប់សកម្មភាព និងការផ្តល់សេវាសំរាប់ជម្ងឺមិនឆ្លងនៅតាមមណ្ឌលសុខភាព។ លោកបានបង្ហាញពីសារៈសំខាន់នៃការរួមគ្នាគិត និងធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហានៃជម្ងឺ

មិនឆ្លង។ លោកបានបន្តថា វាជាពេលវេលាដ៏ចាំបាច់សំរាប់គ្រប់គ្រងជម្ងឺមិនឆ្លង។ ប្រជាជនកំពុងតែរងគ្រោះពីជម្ងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម ហើយការព្យាបាលផលវិបាករបស់ជម្ងឺនេះគឺថ្លៃណាស់។ យោងតាមលោក គំរោង SCUBY គួរតែផ្តោតទៅលើការដាក់ អនុវត្តជាក់ស្តែង។ ជាចុងបញ្ចប់ លោកសង្ឃឹមថាអ្នកចូលរួមទាំងអស់នឹងយកគំនិតទទួលបានតាមរយៈសិក្ខាសាលានេះ និងបន្តការពិភាក្សាយ៉ាងស្វិតស្វាញ។

Prof. Chhea Chhorvann




0 views

© 2019 Scuby